
ភាគទី១
គ្រួសារមួយដែលមានកូនស្រី ដល់ទៅបួននាក់ គ្មានកូនប្រុសសូម្បីម្នាក់ ឪពុកក៏ពិការដៃដោយសារលោកចោរជួយប្លន់យកម៉ូតូអោយ ជីវិតដុនដាប សឹងរត់ប្រាសអាយុមិនបាន មិនត្រឹមតែពិការថែមទាំងមានកេរ៍ឈ្មោះល្បីជាស្តេចល្បែង ហើយពូកែបំផុតគឺខាងត្របាញ់អាប៉ោង តើអោយអ្នក ភូមិឯណាសរសើរកើត គឺមានតែការមើលបំណាំ និងមាក់ងាយមិនដាច់ប៉ុននោះ។ តើឈឺចាប់ប៉ុនណាបើសុខៗលឺគេហៅយើងថា កូនអាកំបាក់ ហើយអោយផ្តាំប្រាប់ឪឯងថា កំបាក់ប៉ុនហ្នឹងហើយ នៅមានកូនស្រីបន្តទៀត ចប់ហើយ? តើពាក្យនេះ សមអោយក្មេងមិនទាន់ចូលបឋមសិក្សាលឺដែរទេ?
ពាក្យចាស់ពោលថាមានកូនស្រី ដូចមានប្រហុកក្នុងពាង ក្លិនតែងស្អុយអសោច ហើយបង្វិលជើងក្រានក៏មិនជុំទៀត តើពំនោលនេះ នៅតែ ត្រឹមត្រូវសំរាប់បរិបទសង្គមខ្មែរបច្ចុប្បន្នដែរទេ? ប្រហែលជាអាច តែក៏ប្រហែលជាមិនអាចដែរ។
តើខុសទេ ដែលបញ្ជូនកូនស្រីអោយទៅរៀន? ត្រឹមត្រូវទេ ដែលយើងជាអ្នកភូមិផងរបងជាប់គ្នា មិនជួយចូកជួយចែវមានតែយកជើងរាទឹក? និយាយសុទ្ធតែ កូនសុទ្ធតែស្រីអោយរៀនក៏គ្មានបានអីដែរ ផ្ទះក្ររហាមទោះកូនប្រលងជាប់ជាគ្រូបង្រៀន ក៏គ្មានលុយអោយកូនរៀនដដែល អោយឈប់រៀនទៅកាត់ដេរបញ្ជូនលុយមកផ្ទះប្រសើរជាងឆ្ងាយណាស់? តើជីវិតកូនស្រីទាំងបួននាក់ទៅជាយ៉ាងណា បើឪពុកម្តាយជឿអ្នកជិតខាងអោយកូនឈប់រៀន? អ្នកទាំងអស់គ្នាគិតខុសហើយ ត្បិតតែឪពុកជើងល្បែងនេះ វក់នឹងល្បែង ភ្លេចបាយទឹកមែន តែក៏មិនដែលភ្លេច ប្រពន្ធកូន បញ្ចប់អនាគតកូន អោយកូនធ្វើអ្វីដែលវាមិនចង់ធ្វើដែរ ឃើញកូនៗចូលចិត្តរៀន គាត់បានអនុញ្អាត្តអោយកូនរៀន យកលុយ ឈ្នះ ល្បែងមកអោយកូនទៅរៀន ហើយកូនស្រីៗក៏សប្បាយចិត្តចាយលុយបានពីល្បែងរបស់ឪពុកដែរ ព្រោះពួកគេនៅក្មេងខ្ចីគំនិត មិនទាន់គិតយល់ ថាល្បែងជាអំពើអបាយមុខនាំអោយគ្រោះអាសន្នអន់ក្រ ព្រោះអ្វីដែលកូនស្រីតូចៗនោះដឹង គឺត្រឹមថាប៉ាអោយលុយគឺប៉ាស្រលាញ់កូន ប៉ាឈ្នះ បៀរព្រោះប៉ាជាមនុស្សពូកែ មានដឹងឯណាថា ពេលចាញ់ស្ងាត់ ពេលឈ្នះបានប៉ាអួតប្រាប់ ហើយចែកលុយអោយកូនៗចាយ។ តែក៏ជាវាសនា ល្អដែរ ដែលការចាញ់ស្ងាត់របស់ប៉ា មានតិចជាងឈ្នះ ឈ្នោះជាស្តេចល្បែងទៅហើយ មានអីត្រូវចាញ់ច្រើនជាងឈ្នះ? សូមបញ្ជាក់ថា នេះគ្រាន់តែជាសំណាងមួយក្នុងមួយលានប៉ុនណោះ ដែលអាចឈ្នះ ច្រើនជាងចាញ់ក្នុងពិភពល្បែង។ មិនថាក្នុងក្របខ័ណ្ឌល្បែង រឺក្នុង ក្របខ័ណ្ឌណាទេ បើមានអ្នកឈ្នះ វាត្រូវតែមានអ្នកចាញ់ បើប៉ាខ្ញុំឈ្នះ អ្នកភូមិខ្ញុំ ខ្លះជាឪពុកមិត្តភ័ក្រខ្ញុំច្បាស់ជាចាញ់ហើយ។ ដូចនេះ មិនអាចលឺថាប៉ាខ្ញុំ ឈ្នះល្បែង បានលុយមកអោយខ្ញុំរៀន ខ្ញុំធំឡើងអប់រំអោយអ្នកដទៃទៀត យកតំរាប់តាមប៉ាខ្ញុំ ទៅលេងល្បែងដែរទេ ព្រោះសូម្បីប៉ាខ្ញុំជាស្តេចល្បែងក៏អប់រំខ្ញុំ មិនអោយលេងល្បែងដែរ សូម្បីតែសន្លឹកបៀរក៏ពួកខ្ញុំគ្មានឳកាសបានប៉ះដែរ កាលនៅផ្ទះជាមួយប៉ា។ ហើយម៉ែខ្ញុំគាត់ប្រដៅថា ស្លឹកឈើត្រូវជ្រុះអោយឆ្ងាយពីគល់ ឪពុកវក់នឹងល្បែង កូនស្រីមិនត្រូវដើរតាមគន្លងឪពុកទេ គេថា ពុធគ្រូកុំត្រាប់ ច្បាប់គ្រូអោយយក អ្វីដែលបុព្វបុរសបានធ្វើមិនគប្បី កូនគួរកុំប្រព្រឹត្ត អ្វីដែលប្រពៃសំរាប់ជីវិតត្រូវអនុវត្តអោយបាន គ្រួសារយើងត្រូវគេមើលងាយ សព្វថ្ងៃ មិនមែនដោយសារតែមូលហេតុក្រីក្រ តែមួយមុខប៉ុនណោះទេ តែក៏ដោយសារប៉ាឯងលេងល្បែងមិនស្រាកនេះដែរ ទើបគេតំនៀលថា មានពេលវេលា មិនគិតរកស៊ី គិតតែពីអំពើអបាយមុខទើបក្រ គេថាក្រអោយគេអាណិត តែបើក្រដោយមិនប្រឹង អ្នកភូមិនិយាយស្តីថា កូនមិនត្រូវមានគំនុំគុំគួននោះទេ តែត្រូវយកពាក្យនិន្ទារបស់គេ ទុកជាពាក្យណែនាំ ជាឳសថអោយកូនចេះអំណត់តស៊ូសំរាប់ជីវិតកូន ត្រូវជំនះ ពាក្យនិន្ទាគេ ដោយការប្រឹងប្រែងធ្វើការអោយជីវិតកូនប្រសើរជាងគេ ភាពរឹងម៉ាំអំនត់តស៊ូក្នុងជីវិតកូន នឹងនាំកូនអោយដល់ត្រើយសុភមង្គល។ តែកូនត្រូវចងចាំដែរថា ត្បិតឪពុកកូនមានកំហុសដោយការប្រព្រឹត្តល្បែងស៊ីសង តែគាត់ក៏មានសន្តានចិត្ត ស្រលាញ់កូន បញ្ជូនកូនទៅសាលា អប់រំកូនអោយមានគុណធម៌ គោរពសច្ចៈ ចេះគោរពចាស់ទុំ ព្រឹទ្ធាចារ្យ លើសពីនេះ ចេះភ្ញាក់រលឹកមិនអោយកូនប្រព្រឹត្តល្បែងដូចគាត់ដែរ។ ត្បិតម៉ែគ្រាំគ្រាចិត្តដោយសារប៉ាកូនចូលចិត្តលេងល្បែង តែក្រៅពីរឿងល្បែងគាត់មិនដែលអោយម៉ែអំពល់ទុក្ខទេ គាត់មិនដែលឈ្លោះជាមួយអ្នកដទៃ សំដីតូចធំជាមួយម៉ែ ហើយក៏មិនអនុញ្ញាត្តិ អោយកូនស្អប់អ្នកភូមិដែលនិយាយពីគាត់មិនល្អដែរ ព្រោះគាត់ទទួលស្គាល់កំហុសរបស់គាត់។
តើមេរៀនជីវិតអ្វីខ្លះដែលអ្នករៀនបានពីអត្ថបទនេះ?



