
ភាគទី២
ខ្ញុំជាកូនស្រីទីពីរ នៅក្នុងគ្រួសារ ខ្ញុំជាកូនស្រីដែលខ្ជិលជាងគេបំផុតក្នុងចំនោមបងប្អូនស្រីទាំងបួននាក់ ខ្ញុំចូលចិត្តគេងទ្រមក់ថ្ងៃណាក៏ក្រោកមិនទាន់គេដែររាល់ថ្ងៃសំរាកដែលអត់ទៅរៀន តែបើថ្ងៃទៅរៀនវិញ គឺខ្ញុំមិនដែលងើបក្រោយគេទេ ងើបតាំងពីព្រឹក ទៅរៀនមិនដែលខក សាលាចូលរៀនម៉ោង ៧ ខ្ញុំទៅដល់សាលាតាំងពីម៉ោង ៦ ឯណោះ ព្រោះខ្ញុំស្រលាញ់ការរៀនសូត្រណាស់។ ហើយបើគេងវិញ ព្រលប់មិនទាន់ទេ លក់បាត់ហើយ បើប៉ាម៉ែហៅប្រើ ភ្ញាក់លឺគាត់ហៅប្រើហើយ ធ្វើពុធជាដេកលក់ទៅវិញ មិនខ្ចីឆ្លើយ សំងំស្ងៀមដូចគេចុក តែបើលឺម៉ែហៅញ៉ាំអី រឺហៅធ្វើបរបរស្ករញ៉ាំវិញ ក្រោកយ៉ាងរហ័ស ព្រោះខ្ញុំជើងល្អខាងញ៉ាំផុតលេខហើយ។ ផ្ទះយើងក្រណាស់ ពេលញ៉ាំអីតែងតែចែកចំនែកគ្នា ព្រោះបើមិនចែកទេប្រាកដជាខ្ញុំញ៉ាំអស់ខានបងប្អូនខ្ញុំមិនខាន ដល់ថ្នាក់ចែកចំនែកផង អោយតែថាប្អូនខ្ញុំញ៉ាំសល់ អត់ទាន់អស់យកទៅទុកសិន យកទៅលាក់ទៀត នៅខ្ញុំតាមរកទាល់តែឃើញយកមកញ៉ាំ។ ហើយបើចរិតបែបបែបហ្នឹង មិនអោយប៉ាម៉ែស្អប់ខ្ញុំម៉េចនឹងបានទៅ? ហើយបើរឿងខាងដើរបេះបោចដំនាំនៅជុំវិញផ្ទះខ្ញុំវិញក៏គ្មានបងប្អូនខ្ញុំមួយណាយកឈ្នះខ្ញុំបានដែរ សូម្បីតែបងស្រីខ្ញុំ ក្រោកពីគេងមុនខ្ញុំ ទៅដើរបេះទៀបស្វិតនៅជុំវិញផ្ទះពេលខ្ញុំសោយសុខក្នុងភួយផង នៅតែបេះមិនបានផ្លែចាស់ល្អៗ ចាញ់ខ្ញុំងើបពីគេងម៉ោង ៨ ជាង ឬជិត ៩ ដើរស៊ើងម៉ើងៗនៅតែបេះបានទៀបទុំដើម ហើយចាស់ៗល្អទៀត។ ហើយបើនិយាយពីរឿងឈ្លោះគ្នាវិញ ថ្ងៃណាក៏ឈោ្លះគ្នាដែរ គ្មានលោះថ្ងៃ ម៉ែឡើងក្រពុលមុខហើយ ដោយសារខ្ញុំ។ ពេលឈ្លោះគ្នាពេលណាក៏បងប្អូនស្រីទាំងបីរបស់ខ្ញុំគេពួតដៃគ្នាឈ្លោះជាមួយខ្ញុំដែរ គឺខ្ញុំមានតែម្នាក់ឯងរហូត អ៊ីចឹងហើយ នៅអាងយ៉ាងរករឿងឈ្លោះរាល់ថ្ងៃទៀត។ ហើយបើខូចអស់លេខដាក់យ៉ាងហ្នឹង តើអោយឪពុកម្តាយណាមក បារម្ភ ស្រលាញ់យកចិត្តទុកដាក់ហ្នឹងខ្ញុំ បើឈ្លោះមួយទល់មួយ ខ្ញុំមិនដែលចាញ់ មិនដែលយំផង សូម្បីតែសង្រាមពាក្យសំដីក៏ខ្ញុំមិនដែលចុះញ៉មដែរ? ងាកមកប្អូនស្រីបន្ទាប់ខ្ញុំវិញស្លូតនោះស្លូត ខ្ញុំថាអោយតែពីរបីម៉ាត់ តូចចិត្តស្រក់ទឹកភ្នែកម៉ាត់ៗ បើមិនអោយម៉ែស្តីអោយខ្ញុំ តើអោយម៉ែទៅស្តីបន្ទោសអ្នកណា? បើខ្ញុំដឹងថា បើខ្ញុំថាហើយប្អូននឹងយំខ្ញុំនៅតែថាអោយ ដុតថែម១០០ៗ តមាត់ម៉ែមិនបាត់មួយម៉ាត់ផង ហើយបើម៉ែស្តីអោយវិញ នៅចំពោះមុខម៉ែប៉ា ខ្ញុំឌឺមួយរយ ស្តីអោយឈឺចាប់យ៉ាងណាក៏មិនខ្ចីស្រក់ទឹកភ្នែកអោយម៉ែប៉ាឃើញដែរ ទឹកភ្នែកកូនស្រី ថ្លៃបំផុតសំរាប់ខ្ញុំ តែក៏មិនអាចទ្រាំមិនបង្ហូរទឹកភ្នែកកាត់សាញពេលនៅម្នាក់ឯងដែរ។ នៅមុខប៉ាម៉ែចង់យំមិនខ្ចីយំ ទ្រាំស្តាប់គាត់ស្តីចប់ប្រាប់គាត់ថាទៅដើរបេះផ្លែឈើអីមកញ៉ាំ ការពិតទៅពួនយំនៅលើដើមជម្ពូរម្នាក់ឯងធ្វើហី។ ញ៉ាំឆ្អែតជូតទឹកភ្នែកស្អាត បេះផ្លែជម្ពូរមួយបង្វេចក្រមា មកផ្ញើរប្អូនលេងជាមួយគ្នាវិញធម្មតា។ មកពីប្អូនខ្ញុំស្លូត ទន់ភ្លន់ ហើយត្រូវខ្ញុំធ្វើអោយយំសឹងរាល់ថ្ងៃហ្នឹងហើយ ទើបធ្វើអោយម៉ែប៉ាខ្ញុំស្រលាញ់យកចិត្តទុកដាក់ប្អូនស្រីបន្ទាប់ខ្ញុំណាស់ អ៊ីចឹងហើយបានជាពេលមានរបស់អ្វីក៏ដោយ គាត់អោយប្អូនស្រីខ្ញុំម្នាក់នេះរហូត ទិញអ្វីក៏ចូលចិត្តទិញអោយប្អូនខ្ញុំរហូត បើខ្ញុំវិញដេកចាំតែអត់ទៅបានហើយ។ ខ្ញុំក៏ដូចចិត្តទៀត តាំងពីតូចចេះដុះគំនិតឃាត់ចិត្តខ្លួនឯងមិនអោយច្រណែនប្អូន ទោះចិត្តចង់បានយ៉ាងណាតែងប្រាប់ខ្លួនឯងថា យកលុយគេទិញ មិនសប្បាយចិត្តដូចទិញលុយខ្លួនឯងឡើយ ទោះគាត់ជាប៉ាខ្ញុំក៏ខ្ញុំចាត់ទុកដូចអ្នកដទៃដែរ ហើយរំងាប់ចិត្តប្រាប់ខ្លួនឯងថា កុំខឹងប៉ា យើងអាក្រក់ ប៉ាមិនទិញអោយសមហើយ បើចង់បានរបស់អីចាំពេលរកលុយបានខ្លួនឯងវាស្រួលចិត្តជាង ហើយបើចង់បានលុយមានតែខំរៀនអោយពូកែ ពេលនោះចង់បានអីក៏បាន ហើយមិនជំពាក់គុណបុណ្យអ្នកណាទៀត។ ខុសពីខ្ញុំ ប្អូនពៅខ្ញុំ ជាកូនពៅរឿងចេះម្ញិកម្ញក់ជារឿងធម្មតា ពេលឃើញបងបានអី រមែងទាមទារចង់បានដែរ ហើយយំទាររៀបរាប់រឿងតូចចិត្តប្រាប់ប៉ាម៉ែ រហូតម៉ែប៉ាព្រមទិញអោយ បើគាត់ដោះស្រាយអោយបាន តែបើគាត់មិនអាចទិញអោយបាន គឺអត់ហើយដេកយំប៉ុន្មានម៉ោងហើយ។ទោះយ៉ាងណាប្អូនពៅខ្ញុំនៅតែគ្រាន់បើជាងខ្ញុំ ព្រោះពេលខ្លះប៉ាក៏ទិញអោយ ខុសពីខ្ញុំ ដេកចាំអត់តែម្តង។
ថារឿងបានរបស់ខ្ញុំចាំតែដេកអត់ តែដល់រឿងធ្វើការ ប៉ាខ្ញុំមិនដែលលើកលែងអោយខ្ញុំអត់ធ្វើការ ដូចអត់បានរបស់សោះ។ តែថាទៅ អត់បានរបស់ តែខ្ញុំក៏ញ៉ាំបាយចំណាយលុយគាត់រាល់ថ្ងៃដែរ បើមិនធ្វើការសោះក៏វាមិនកើតដែរ។ ប៉ុន្តែ រឿងដែលខ្ញុំតូចចិត្តបំផុតនោះ គឺថាការងារ ដូចជា ឌុបជាលថ្នាំ ឌុបទឹកស្រាទៅអោយម៉ូយ ទៅហៅប៉ានៅកន្លែងលេងបៀរអោយមកចាប់ជ្រូកដាក់ទ្រុង ជួយប្រមូលបន្លែផ្លែឈើតាមផ្ទះអ្នកភូមិអោយម៉ែយកទៅលក់នៅផ្សារ ទៅផ្សារលក់អីវ៉ាន់ជំនួសម៉ែជាដើម បើបងប្អូនស្រីខ្ញុំបដិសេធមិនធ្វើបាន តែបើខ្ញុំមិនធ្វើមិនបានដាច់ខាតហើយ។ ហេតុអីក៏ដាក់ទោសខ្ញុំអីក៏ដាក់ម៉េះ គ្រាន់តែងើបក្រោយគេ គាត់ដឺងថាខ្ញុំធ្វើពុធ តែតាមពិតទៅពេលខ្លះក៏ខ្ញុំមិនបានធ្វើពុធជាដេកលក់ដែរ តែខ្ញុំគឺជាមនុស្សចូលចិត្តដេកបំផុតហើយ ហើយម្យ៉ាង ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ខ្ញុំក្រោកពីព្រឹកទៅរៀន អ៊ីចឹងត្រូវតែដេកសងខ្លះហើយនៅថ្ងៃសៅរ៍ អាទិត្យ។
លើសពីនេះទៀត នៅថ្ងៃណាម៉ែត្រូវទៅផ្សារលក់អីវ៉ាន់ បើអីវ៉ាន់ច្រើន បងប្អូនស្រីខ្ញុំទាំងអស់ និងប៉ាខ្ញុំជួយទូលអីវ៉ាន់កាត់ខ្សាច់ទៅកំពង់ចំលង តែបើអីវ៉ាន់តិច ត្រូវការតែគ្នាពីរបីនាក់ក៏បាន គាត់មិនដែលចោលខ្ញុំអោយនៅផ្ទះទេ គឺត្រូវតែជូនម៉ែទៅ ហើយប៉ាថាវាពូកែទ្រមក់ណាស់ត្រូវពត់វាខ្លះ កុំអោយខូច អ៊ីចឹងខ្ញុំមានវត្តមានជូនម៉ែទៅកំពង់ចម្លងរហូត។ ហើយបើរឿងបិតស្រាវិញ ប៉ាក៏ថាទៀត ថាខ្ញុំនឹងខូចណាស់ស៊ីកំលាំងពលកម្មបងប្អូន គេភ្ញាក់គ្រប់គ្នាហើយ ខ្ញុំនៅតែដេកទៀត អ៊ីចឹងហើយទោះបីប្អូនខ្ញុំក្រោកមុន ក៏គាត់មិនខ្ចីប្រើអោយមើលភ្លើងបង្ហូរស្រាដែរ គាត់សុខចិត្តទ្រាំពិបាកដាស់ខ្ញុំទាំងព្រឹកអោយមកមើលភ្លើងបិតស្រា។ ផ្ទះខ្ញុំប្រកបរបរបិតស្រាស ហេតុនេះហើយពេលព្រឹកម៉ោង៥ ឬ ៦ ត្រូវក្រោកបង្កាត់ភ្លើងដាក់បង្ហូរស្រា ទុកពេលវេលានោះ អោយលោកប៉ាសំណព្វចិត្តខ្ញុំគាត់ទៅពិសារកាហ្វេព្រឹកនៅតៀមកាហ្វេក្នុងភូមិ ហើយបើគាត់ចិត្តល្អក្រែងនឹកឃើញបរបរគ្រឿង បង្អែមផ្ញើរកូនៗ បើមិនអ៊ីចឹង ប្រាកដជាបាយកក ខ្ចៅស្ងោរហើយ ហើយបើអត់ខ្ចៅស្ងោរលក់ទៀត ប្រាកដជាបាយទឺកត្រី ជាអាហារពេលព្រឹកមិនខាន។ ពេលប៉ាមកពីផឹកកាហ្វេវិញ គាត់ដាក់ដាំបាយធ្វើស្រា រួចទើបនាំខ្ញុំ និងប្អូនស្រីបន្ទាប់ខ្ញុំទៅព្រៃក្រោយផ្ទះ រកអុសសម្រាប់បិតស្រា។ បងស្រីខ្ញុំ គាត់មានចរិតលក្ខណៈជាមនុស្សស្រី កំលាំងក៏ខ្សោយជាងខ្ញុំ ពូកែរៀបចំផ្ទះ ធ្វើម្ហូប ចាក់ស្រោមខ្នើយ មើលខុសត្រូវការងារក្នុងផ្ទះ ហេតុនេះហើយ ទើបត្រូវទុកបងស្រីខ្ញុំនៅផ្ទះធ្វើម្ហូប ចំនែកខ្ញុំ និងប្អូនបន្ទាប់ទៅរកអុសជាមួយប៉ា ឯប្អូនពៅត្រូវនៅជួយដុតភ្លើងបង្ហូរស្រាបន្ត។ និយាយពីរឿងទៅរកអូសវិញ ផ្ទះយើងក្រណាស់ រកគោរឺសេះមួយប្រើក៏គ្មាន ណាផ្ទះកូនសុទ្ទតែស្រី ប៉ាក៏បាក់ដៃម្ខាងធ្វើការមិនចំណាប់ គ្មានអ្នកទៅឃ្វាលគោកើត ពេលដឹកអូសមានតែទៅខ្ចីរ៉ឺម៉កអ្នកជិតខាង ហើយយកខ្ញុំធ្វើជាកំលាំងជំនួសគោ ហើយអោយប្អូនខ្ញុំជួយរុញពីក្រោយ ឯប៉ាត្រូវនៅស្វែងរក ផ្តួលរលំ ដើមគ ដើមឬស្សីងាប់ជដើម។ ពេលរសៀល ញ៉ាំបាយរួច សំរាកបន្តិច ទើបខ្ញុំ ប្អូនបន្ទាប់ខ្ញុំ និងប៉ាចាប់ផ្តើមអារអុស ប្រមូលបានពីព្រឹក ហើយជារឿយៗប៉ាខ្ញុំតែងតែទៅតៀមកាហ្វេពេលរសៀលម្តងទៀត ទុកអោយខ្ញុំ និងប្អូនខ្ញុំអារអុស ហាលអុស និងជញ្ជូនអុសទុកក្រោមផ្ទះ។ ពេលនេះហើយ ដែលប៉ាមានឳកាសថាអោយខ្ញុំបន្តទៀត សុទ្ធតែខ្ញុំនេះកម្ជិលអាំងផេះ ព្រោះអោយតែការងារប៉ាកំណត់អោយធ្វើ ខ្ញុំធ្វើហើយ បានដៃខ្ញុំទៅលួចដេកថ្ងៃទៀតហើយ ហើយពេលប៉ាមកវិញមិនឃើញខ្ញុំកំពុងធ្វើការ ឃើញតែប្អូនខ្ញុំជួយបង្ហូរស្រាប្អូនពៅ រឺ ជញ្ជូនអុសទុកគាត់ក៏យល់ការងារបន្ថែមទៀតពេលខ្លះ ហើយពេលនោះខ្ញុំទៅដេកលក់ស្កប់ស្កល់បាត់ទៅហើយ ពេលខ្លះមិនដឹងទេថាប្អូនខ្ញុំកំពុងធ្វើបន្ត ព្រោះបើខ្ញុំដឹងថាធ្វើ ខ្ញុំមិនអាចឃើញនឹងភ្នែក សំងំសុខតែម្នាក់ឯងមិនជួយទេ។ តែបើប៉ាគាត់យល់ថា ខ្ញុំខ្ជិលតាំងពីដើមទៅហើយ ខ្ញុំក៏មិនខ្ចីវែកញែកវែងឆ្ងាយអីដែរ បើខ្ជិលមែន រឿងដេកនៅលំដាប់ទីមួយក្នុងចិត្តទៅហើយ បើងងុយត្រូវតែដេកហើយ មិនខ្វល់សំដីប៉ាទេ។ ក្តីស្រលាញ់របស់ឪពុកម្តាយចំពោះកូនមិនអាចស្តែងចេញស្មើគ្នា តាមរយៈទង្វើដែលគាត់ធ្វើចំពោះកូនម្នាក់ៗទេ កូនកើតមកមានចរិតលក្ខណៈផ្សេងៗគ្នា គាត់មិនអាចផ្តល់ក្តីស្រលាញ់មកអោយយើងដូចៗគ្នាទេ តែគាត់បានព្យាយាមធ្វើអោយយើងទទួលបាននូវអ្វីដែលយើងគួរទទួលបាន គាត់ដឹងថាខ្ញុំរឹងម៉ាំ អាចទទួលការស្តីបន្ទោសបាន អ៊ីចឹងហើយ ត្រូវតែថាអោយខ្លះហើយ ឯប្អូនបន្ទាប់ខ្ញុំ នាងទន់ភ្លន់ ត្រូវការអ្នកយកចិត្តទុកដាក់ផ្តល់ក្តីស្រលាញ់អោយ គាត់ត្រូវតែបំពេញ ហើយបើទោះប្អូនខ្ញុំធ្វើការងារបានតិចជាងខ្ញុំ តែគេធ្វើការពេញមួយថ្ងៃ ឃើញគេឧស្សាហ៍ព្យាយាម គាត់ត្រូវតែស្រលាញ់ ទិញរបស់អោយអ៊ីចឹងហើយ។ មនុស្សម្នាក់មិនអាចមើលឃើញគ្រប់ជ្រុងជ្រោយបានទេ ដូច្នេះហើយ ខ្ញុំក៏គ្មានរឿងអីខឹងដែលខ្ញុំមិនបានរបស់ពីប៉ាដែរ ត្រឹមគាត់បញ្ជូនខ្ញុំទៅរៀន គឺគ្រប់គ្រាន់ហើយ។ ទោះមើលពីខាងក្រៅឪពុកម្តាយហាក់ស្រលាញ់កូនៗមិនស្មើគ្នា អាចលំអៀងទៅតាមការអោយតម្លៃលើទ្រព្យសម្បត្តិក្រៅខ្លួន តែធាតុពិតជាក់ស្ដែង គ្មានឪពុកម្តាយថា ខ្ញុំគេចមិនជួយធ្វើការប្អូន ខ្ញុំជាមនុស្សគ្មានចិត្ត មិនចេះចែករំលែកការងារប្អូនៗ តែការពិត ខ្ញុំទំលាប់ធ្វើការលឿន បើខ្ញុំថាធ្វើអ្វីហើយ ខ្ញុំធ្វើគ្មានឈប់នឹងអាលបានដេក ខ្ញុំធ្វើចំនែកខ្ញុំរួច ហើយជួយប្អូនខ្ញុំខ្លះ រហូតចប់ទើបខ្ញុំមកដេក តែប្អូនខ្ញុំឧស្សាហ៍ ការងារប៉ាកំណត់អោយធ្វើ ធ្វើរួចហើយ ឆ្លៀតរកណាមិនស្រលាញ់កូននោះទេ គ្រាន់តែក្តីស្រលាញ់នោះផ្តល់មកកូនៗ ទៅតាមបុគ្គលិកលក្ខណៈរបស់កូនៗ ដែលកូនៗស្វែងយល់មិនដល់ព្រោះនៅខ្ចីគំនិត។ ក្តីស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗតែងតែស្ថិតស្ថេរជានិច្ច។
តើមេរៀនជីវិតអ្វីខ្លះដែលអ្នករៀនបានពីអត្ថបទនេះ?